​ក្លិប​សូលទីឡូអង្គរ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៥០០០០$ សម្រាប់​ដំណើរការ​ប្រចាំ​ឆ្នាំ​២០១៧នេះ


ក្រុមហ៊ុនខ្មែរប៊ីរើជីស (Beverages) បានសម្រេចចុះកិច្ចសន្យាឧបត្ថម្ភដល់ក្លិបបាល់ទាត់សូលទីឡូអង្គរ សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា (Cambodian League II) ក្នុងរង្វាន់ទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារសម្រាប់ដំណើរការក្លិបក្នុងឆ្នាំ ២០១៧ នេះ។
លោក អៀង សាក់នីដា អគ្គលេខាធិការក្លិបបាល់ទាត់សូលទីឡូអង្គរ បានលើកឡើងថា៖ «យើងទទួលបានទឹកប្រាក់ ៥០០០០$ ពីក្រុមហ៊ុនខ្មែរប៊ីរើជីស ក្នុងការជួយបណ្តុះបណ្តាលកីឡាករបាល់ទាត់ក្នុងខេត្តសៀមរាប ក៏ដូចជាត្រៀមរៀបចំក្នុងការប្រកួតនានាប្រចាំឆ្នាំនេះនៅកម្ពុជា។ ម៉្យាងជាការត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ យើងអរគុណដល់ម្ចាស់ឧបត្ថម្ភដែលបានជួយដល់ក្លិបយើងខ្ញុំឱ្យបន្តដំណើរការទៅមុខថែមទៀត»។
តំណាងក្រុមហ៊ុននេះបានបន្តថា៖ «ជាបឋម ៥០០០០$ ជួយសម្រួលដល់ដំណើរការក្លិបប្រចាំឆ្នាំ ២០១៧ ហើយយើងរង់ចាំមើលថាការសហការជោគជ័យយ៉ាងណាយើងនឹងពិចារណារថែមទៀត។ យើងសង្ឍឹមថាក្រុមនេះមានឱកាសឡើងទៅលេងក្នុងលីគកំពូលនៅរដូវកាលក្រោយ»។
លោក Shogo Tsujii តំណាងកីឡាករ Keisuke Honda ដែលជាថ្នាក់ដឹកនាំក្នុងក្លិបក្នុងខេត្តសៀមរាប មួយនេះបានលើកឡើងថា៖ «យើងមានសាលាបាល់ទាត់បែបក្លិបបាល់ទាត់អាជីពជុំវិញពិភពលោកចំនួន៦ប្រទេស។ នៅកម្ពុជា យើងមានមូលដ្ឋានសាលានៅរាជធានីភ្នំពេញ។ មូលហេតុដែលយើងមកកម្ពុជាគឺលើកដំបូង Honda មកកម្ពុជា ឆ្នាំ ២០១៥ ជាមួយក្រុមជម្រើសជាតិជប៉ុន ហើយលោក មានអារម្មណ៍ភ្ញាក់ផ្អើលដែលមានអ្នកគាំទ្រច្រើន តែអ្នកលេងបាល់ទាត់ដែលមិនទាន់ជឿនលឿនខ្លាំងក្នុងការលេងនៅឡើយ។ នេះជាមូលហេតុមកទីនេះដើម្បីក្មេងៗមានឱកាសក្លាយជាកីឡាករអាជីពទាំងកម្រិតជាតិនិងអន្តរជាតិ»។

លោក អ៊ឹម សុទ្ធារិទ្ធ តំណាងក្រុមហ៊ុនខ្មែរប៊ីរើជីសបានលើកឡើងថា៖«មូលហេតុដែលយើងសម្រេចឧបត្ថម្ភដល់ក្លិបសូលទីឡូអង្គរនេះព្រោះ យើងសម្លឹងឃើញក្លិបមួយនេះមានកីឡាករក្មេងមានសមត្ថភាពខ្ពស់ ហើយយើងចង់ឱ្យក្រុមនេះទទួលបានជោគជ័យ។ ក្លិបនេះទទួលបានការជួយពីកីឡាករ Honda យើងសង្ឍឹមថាក្លិបកាន់តែទទួលបានជោគជ័យ។ យើងប្រកាន់គោលការណ៍មួយគឺខ្មែរជួយខ្មែរ។ យើងបញ្ជូនរថយន្ត២គ្រឿងសំអាតផ្លូវនៅសៀមរាប។ យើងមានកម្មវិធីជួយសាលាស្អាតទូទាំងប្រទេស។ យើងធ្លាប់ឧបត្ថម្ភកីឡាអ៊ុក, ល្បុកត្តោ ទាំងនៅអង្គរសង្រ្កាន បុណ្យសមុទ្រ ព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតជម្រុះពានរង្វាន់ឆ្ពោះទៅពានរង្វាន់ពិភពលោក និងការប្រកួតមិត្តភាពអន្តរជាតិ ជាដើម»៕